សណ្ឋានដី
ប្រទេសកម្ពុជា ជាប្រទេសមួយស្ថិតនៅក្នុងតំបន់ត្រូពិក ។
ប្រទេសកម្ពុជា មានរាងពហុកោណ ស្ទើរស្មើជ្រុង
ដែលមានចំណុចកណ្តាលក្បែរខេត្តកំពង់ធំ និងមានប្រវែងពីជើងទៅត្បូង
(ប្រវែងអតិបរមានៃទទឹង គឺ ៤៤០ គ.ម.) ជិតស្មើនឹងប្រវែងពីកើតទៅលិច
(ប្រវែងអតិបរមានៃបណ្តោយ គឺ ៥៦០ គ.ម.) ។
ព្រំប្រទល់ប្រទេសកម្ពុជាទាំងមូលមានប្រវែង ២.៦០០ គ.ម. គឺ ៥/៦ ជាដីគោក និង
១/៦ ជាមាត់សមុទ្រ ។
សណ្ឋានដី បើគិតតាមសណ្ឋានដី ប្រទេសកម្ពុជាចែកជាបីផ្នែកធំៗ ៖
- តំបន់ទំនាបកណ្តាល (ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ធំ…)
- ប្រជុំភ្នំ និងខ្ពង់រាប (ខេត្តកោះកុង ខេត្តរតនគិរី
ខេត្តមណ្ឌលគិរី…)
- តំបន់កូនភ្នំ (តំបន់កូនភ្នំខាងលិចខេត្តបាត់ដំបង
តំបន់កូនភ្នំចន្លោះខេត្តកំពង់ស្ពឺ និងខេត្តកំពត…)
(ដកស្រង់ចេញពីសៀវភៅភូមិវិទ្យាប្រទេសខ្មែរ និពន្ធដោយលោក សាគូ
សាម៉ុត)
ប្រភពធនធានធម្មជាតិ
នៅក្នុងផ្នត់គំនិតខ្មែរកាលពី ជំនាន់មុន ប្រទេសកម្ពុជា
គឺជាដែនដីសុវណ្ណភូមិដែលសម្បូរទៅដោយធនធានធម្មជាតិគ្រប់យ៉ាង។
គេចាត់ទុកប្រទេសនេះថា ជាដែនដីសុវណ្ណភូមិ ពីព្រោះប្រទេសមួយនេះ
ធ្លាប់សម្បូរទៅដោយធម្មជាតិរ៉ែមាស-រ៉ែត្បូង
និងសម្បូរទៅដោយធនធានធម្មជាតិមហាសាលជាច្រើនផ្សេងទៀត។
ធនធានមហាសាលទាំងនោះមានវត្តមាននៅគ្រប់ទិសទីនៃប្រទេសកម្ពុជា មានទាំងនៅក្រោមដី
បាតសមុទ្រ ក្នុងសមុទ្រ ក្នុងទន្លេ និងនៅលើដីក៏មានច្រើនរាប់ស្ទើមិនអស់ដែរ។
ជាក់ស្តែង នៅក្នុងខេត្តបាត់ដំបង ប៉ៃលិន រតនៈគីរី កំពង់ធំ ព្រះវិហារ
មណ្ឌលគីរី ប្រទេសកម្ពុជាធ្លាប់សម្បូរទៅដោយរ៉ែមាស រ៉ែត្បូង រ៉ែដែក
និងធនធានរ៉ែមួយចំនួនផ្សេងទៀត។ នៅក្នុងបាតសមុទ្រ និងក្នុងបាតទន្លេ
កម្ពុជាត្រូវបានគេវាយតម្លៃថាសម្បូរទៅដោយមច្ឆាជាតិទឹកប្រៃ និងទឹកសាប។
កាលពីពេលមុន ប្រជាជនខ្មែរនាំគ្នានិយាយថា ទីណាមានទឹក ទីនោះមានត្រី។ ប៉ុន្តែ
នាពេលបច្ចុប្បន្ននេះ ស្ថានភាពជាក់ស្តែងបានបង្ហាញផ្ទុយពីនេះទៅវិញ។
នៅក្នុងបាតសមុទ្រ បាតទន្លេដដែល ប្រទេសកម្ពុជាមានធនធានប្រេង ឧស្ម័ន
និងខ្សាច់។ រីឯនៅលើដីវិញ កម្ពុជាធ្លាប់សម្បូរទៅដោយព្រៃឈើ សត្វព្រៃ និងភ្នំ។
ទាំងអស់នេះគេនៅមិនទាន់រាប់បញ្ចូលធនធានធម្មជាតិកសិកម្មមួយចំនួន ផ្សេងទៀត
និងកេរដំណែលវប្បធម៌ផង។ កេរដំណែលវប្បធម៌សម្បូរបែបរបស់ខ្មែរ ដូចជា
ប្រាង្គប្រាសាទអង្គរវត្ត
បានផ្តល់ប្រាក់ចំណូលច្រើនលានដុល្លារក្នុងមួយឆ្នាំៗដល់ប្រទេសជាតិ។
បើផ្អែកលើទឡ្ហីករណ៍ខាងលើនេះ គេពិតជាអាចនិយាយបានថា
ប្រទេសកម្ពុជាសម្បូរធនធានធម្មជាតិមែន។
ប៉ុន្តែចុះហេតុអ្វីបានជាប្រទេសមួយនេះនៅតែក្រីក្រ?
No comments:
Post a Comment