ឧបករណ៍តន្រ្តីខ្មែរ

សម្ភោរ 
សម្ភោរ គឺជាឧបករណ៍តន្ត្រីខ្មែរមួយប្រភេទដែល ត្រូវបានគេចាត់ចូលទៅក្នុងពពួកក្រុមគោះដំ។ គេច្រើន យកឈើខ្លឹមមកធ្វើវាដូចជាៈ ដើមកកោះ រាំង បេង ខ្នុរ ជាដើម។ វាមានរាងមូលទ្រវែង ធំកណ្តាល ជមសង ខាង ដែលមានទទឹង ០,៣៥សម និងបណ្តាយ ០,៥៥ សម។ គេយកស្បែកសត្វគោឬសត្វសេះសំរាប់ប្រើក្នុង ការដាស់ស្បែកសម្ភោរឬ ក៏ហៅថា ពាស។ ស្បែកនោះត្រូវបានគេកាត់ជារាងមូលធំ​ជាងមាត់សម្ភោរប្រហែលជាពីរធ្នាប់។ ក្នុង ការសម្តែងគេវាយនឹងប្រអប់ដៃទាំងសងខាងគឺដៃស្តាំវាយខាងមុខធំ និងខាងឆ្វេងវាយខាងមុខតូច៕


គងវង់ធំ 
 គងវង់​ធំ​ គឺ​ជា​ឧបករណ៍​មួយ​ប្រភេទ​ដែល​មាន​ ​នៅ​ក្នុង​រង្វង់​ភ្លេង​​ពិណ្យពាទ្យ​។​ ​គង​នេះ​មាន​ផ្លែ​១៦​ ​ឬ​១៦​សម្នៀង​។​ ​ផ្លែរបស់វាធ្វើអំពីលង្ហិនឬសាច់ខាត់សុទ្ធ។ ឧបករណ៍នេះ មានផ្លែពីធំទៅតូចពីឆ្វេងមកស្តាំតាម លំដាប់ ។ វង់គងធ្វើអំពីវ័រផ្តៅដំបង។ គេយកវ័រផ្តៅ៤ កំណាត់មកពត់ អោយមានរាងជារង្វង់មូល។ គេបញ្ចុះ​ជើងទៀនបញ្ឍរភ្ជាប់ពី​រង្វង់ ខាងក្រោមទៅរង្វង់ខាងលើ ដោយមានចន្ទុលញែកដោយយកខ្សែស៊កត្រង់រន្ធទាំងបួន ដែលគេ បានចោះនៅលើឆ័ត្រ។ ខ្សែចងផ្លែគងធ្វើអំពីស្បែកគោ ឬស្បែកសត្វផ្សេងៗ ដែលអាចធ្វើបាន។ ផ្លែធំឬ សម្នៀងធំនៅខាងឆ្វេង បន្ទាប់មកផ្លែតូចឬសម្នៀងតូចនៅខាងស្តាំ។ ផ្លែសម្នៀងមានពកចំកណ្តាលហៅថា ដោះគង៕

តាខេ 
 តាខេ មានរូបរាងដូចសត្វក្រពើ ហើយពាក្យថា «តាខេ ឬតៈខេ» មានន័យថា «ក្រពើ» ។ កាលពី​ សម័យបុរាណ ខ្មែរយើងបានធ្វើឧបករណ៍នេះមានរូប រាងស្ទើរដូចសត្វក្រពើទាំងស្រុង គឺបានឆ្លាក់ក្បាលតាខេ ឬតៈខេនេះជារូបរាងក្រពើហាមាត់មានធ្មេញ ភ្នែក … ។
តែដល់ពេលក្រោយៗមក កាលៈទេសៈបានបង្ខំឲ្យខ្មែរ បោះបង់ចោលការច្នៃប្រឌិតក្បាច់ចម្លាក់រូបភាពផ្សេងៗ នៅលើឧបករណ៍តាខេ ក៏បានធ្វើឧបករណ៍តាខេ ឬតៈខេមានរូបរាង ធម្មតាដូចសព្វថ្ងៃនេះ ។ តាខេ ឬតៈខេ (Takhe) គឺជាគ្រឿងភ្លេងបុរាណមួយស្ថិតនៅក្នុងប្រភេទឧបករណ៍ដែលមានខ្សែ មាន ការអភិវឌ្ឍន៍ និងមានលក្ខណៈទំនើបជាងឧបករណ៍តន្ត្រីបុរាណផ្សេងៗទៀត ។ តាខេ ឬតៈខេនេះបានវិវឌ្ឍមកពីឧបករណ៍ ចាប៉ីដងវែង បើយើងប្រៀបធៀបឧបករណ៍តាខេ ឬតៈខេ និងឧបករណ៍ចាប៉ីដងវែង ឃើញថាមានលក្ខណៈស្រដៀងគ្នា តាំងពី ខ្សែប្រគៀន ខ្ទង់ក៏មានចំនួនស្មើគ្នាដែរ ។ តាខេ គឺជាឧបករណ៍តន្ត្រីបុរាណមួយដែលមានលក្ខណៈជឿនលឿន សម្រាប់បច្ចេក ទេសសម្ដែងបទភ្លេង ។ គេអាចប្រើប្រាស់សំនៀងតាខេបានច្រើនជាងសំនៀងចាប៉ី ក្នុងការប្រគំបទភ្លេងទូទៅ ដូចជាបទភ្លេង ការ បទភ្លេងអាយ៉ៃ បទចាប៉ី និងបទភ្លេងផ្សេងៗទៀតទៅតាមកម្រិតទេពកោសល្យរបស់តន្ត្រីករម្នាក់ៗ៕  

រនាត​ថោង​ ​ឬ​រនាត​ដែក​ ​គឺ​ជា​រនាត​ 
 រនាត​ថោង​ ​ឬ​រនាត​ដែក​ ​គឺ​ជា​រនាត​ដែល​មាន​ផ្លែ​សំ​នៀង​២១​ដូច​គ្នា​ ​ស្នូក​មាន​រាង​ដូច​គ្នា​សុទ្ធ​សាធ​ ផ្លែ​សំ​នៀង​​នីមួយៗ ​​​ក៏​មាន​សូរ​ដូច​គ្នា​ដែរ ​​គេ​ហៅ ថា​រនាត​ ​ថោង​ ​មក​ពីរ​នាត​នេះ​មាន​ផ្លែ​សំនៀង​ធ្វើ​អំពី​លង្ហិន​ ​មាន​ ​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​ ​ស្រដៀងនឹងពណ៌មាស រីឯរនាត ដែក គឺជារនាតដែលមានផ្លែសំនៀង ធ្វើអំពីដែកសុទ្ធ មានពណ៌ខ្មៅស្រអាប់ ។ តាមដឹងតៗគ្នាមកថា កាលពីសម័យដើមមានតែរនាតថោងមួយបែបទេ ដែលប្រើប្រាស់ជាទូទៅ ប៉ុន្តែ ក្រោយមកដោយសារការធ្វើផ្លែរនាតថោងពិបាកពេក គេក៏ប្តូរផ្លែសំនៀងពីលង្ហិនមកផ្លែសំនៀងធ្វើអំពី​ដែកដែលងាយរក​ ងាយធ្វើជាង ។ រនាតទាំងពីរនេះប្រើមួយណាក៏បាន ប៉ុន្តែគេមិនដែលយកទាំងពីរ ទៅប្រើនៅពេលជាមួយគ្នានោះឡើយ ។ តាមធម្មតា គេច្រើនឃើញរនាតថោងប្រើប្រាស់នៅក្នុង​វង់ភ្លេងព្រះរាជទ្រព្យ រីឯរនាតដែកច្រើនតែប្រើប្រាស់នៅក្នុងវង់ភ្លេង ពិណពាទ្យក្រៅវាំង ឬតាមវត្ត អារាមនានា ។ រនាតបែបនេះមានស្នូកត្រង់មិនងដូចស្នូករនាតឯកឡើយ មានប្រវែងបណ្តោយ​ ១.០០ម និងទទឹង០.២០ម ធ្វើអំពីឈើខ្លឹមរឹង ។ ផ្លែសំនៀងទាំង២១ មិនបិទដុំប្រមរសម្រាប់រឹតសំនៀងឡើយ គឺគេបាន ស្លចាក់ ដំ ផែ ឱ្យត្រូវចំសំនៀងនៃផ្លែនីមួយៗនោះស្រេចតែម្តង ។ ផ្លែ​រនាត​នេះ​មិន​ចោះ​រន្ធ​ស៊ក​ខ្សែ​ទេ​ ​គឺ​គេ​យក​ផ្លែ​ទាំង​នោះ​ទៅ​តម្រៀប​តាម​លំដាប់​លំដោយ​នៃ​ផ្លែ​ជា​ជួរ​តាម​ បណ្តោយ​ស្នូក​ ​ប៉ុន្តែ​នៅពេលណាដែលគេឈប់លេង គេរើផ្លែទាំងនោះចេញយ៉ាងស្រួល ទុកដាក់ទៅក្នុងស្នូក ឬក្នុងប្រអប់ថង់ណាមួយវិញ ។ ផ្លែសំនៀងរបស់រនាតនេះមានសំនៀងខ្លាំង ហើយយោលបានឆ្ងាយ​ ស្រដៀងគ្នាទៅនឹងផ្លែសំនៀងគងវង់ដែរ ។ នៅពេលលេងម្ដងៗ គេយកអន្លូងមានមេលំរឹងធ្វើដោយស្បែក​ក្របី ឬស្បែកដំរី មកគោះ ។ របៀបប្រើអន្លូងទាំងពីរ ក៏ដូចជានឹងរបៀបប្រើអន្លូងរបស់រនាតឯកសុទ្ធសាធដែរ គឺគោះស្មើៗគ្នាទៅលើសំនៀង គូៗ ។ រនាតថោង ឬ រនាតដែកមានដំណើរសាច់បទដូចរនាតឯកសុទ្ធសាធ។ អ្នកដែលពូកែលេងរនាតឯកក៏ជាអ្នកពូកែ លេងរនាតថោង ឬរនាតដែកដែរ ។ ឧបករណ៍រនាតថោងមានចំណាស់ច្រើនសតវត្សមកហើយ ។ បើតាមប្រសាសន៍ ឃុន មាស ឌី ក្នុងឆ្នាំ១៩៦៥ថា ជីតារបស់លោកបានប្រាប់ថា រនាតថោងយើងនេះធ្វើត្រាប់តាមរនាតឥណ្ឌូណេស៊ី នៅហ្សាវ៉ា ឈ្មោះ Gendér តាំងពីខ្មែរយើងបានទទួលឥទ្ធិពលវប្បធម៌របស់ហ្សាវ៉ា (Java) ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ក្នុងចុងឆ្នាំនៃ សតវត្សទី៨ ក្នុងពេលដែលស្តេចបាននិរទេសទៅ Java ហើយបានត្រលប់មកសោយរាជ្យនៅស្រុកខ្មែរវិញ ដោយនាំមក ជាមួយនូវវប្បធម៌ Java មួយចំនួនដូចជាមានឆ្លាក់ ទៅលើជញ្ជាំងប្រាសាទអង្គរ មានក្បួនហែរបស់តន្ត្រីករច្រើនក្រុមជាមួយ នឹងឧបករណ៍របស់ខ្លួន ប៉ុន្តែរនាតថោងខ្មែរបានច្នៃរូបរាងខុសពីលំនាំដើម Gendér ហើយ ៕

No comments:

Post a Comment